កម្លាំងនគរបាល ឃាត់ពលករខ្មែរប្រុស.ស្រីចំនួន៤១នាក់ បម្រុងលួចឆ្លងដែនទៅថៃ យកមកអប់រំឲ្យត្រលប់ទៅផ្ទះវិញ
បន្ទាយមានជ័យ៖ កម្លាំងនគរបាល ឃាត់ពលករខ្មែរប្រុស.ស្រីចំនួន៤១នាក់ បម្រុងលួចឆ្លងដែនទៅថៃ យកមកអប់រំឲ្យត្រលប់ទៅផ្ទះវិញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នៅក្បែរអូរព្រំដែនភូមិសាស្ត្រភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

កម្លាំងប៉ុស្តិ៍នគរបាលឃុំអូរស្រឡៅបានប្រាប់ថា៖ នៅពេលចុះល្បាតការពារតាមក្រវ៉ាត់ព្រំដែន បានប្រទះឃើញពលរដ្ឋចំនួន៤១នាក់ ស្រី១៨នាក់ ក្មេងប្រុស០៤នាក់ ក្មេងស្រី០២នាក់ ដែលមេខ្យល់យកមកទុកបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។ ក្រោយទទួលការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ ដាក់វិធានការទប់ស្កាត់ពលករខ្មែរដែលលួចឆ្លងដែនដោយខុសច្បាប់ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ។
កម្លាំងនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនពលករខ្មែរប្រុស/ស្រីចំនួន៤១នាក់បានធ្វើការអប់រំណែនាំអោយបញ្ចប់សកម្មភាពលួចឆ្លងដែនដោយខុសច្បាប់ដែលប្រឈមគ្រោះថ្នាក់គ្រប់ពេលហើយមិនត្រូវចាញ់បោកមេខ្យល់ដែលនាំឆ្លងទៅការងារធ្វើខុសច្បាប់ ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់អោយបានដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ពលករបញ្ជាក់ថា៖ ពួកត្រូវបានមេខ្យល់បម្រុងនាំឆ្លងទៅរកការងារធ្វើនៅប្រទេសថៃក្នុងម្នាក់តំលៃ៣០០០ទៅ៤.០០០បាត តាមជិតតាមឆ្ងាយ ដែលមេខ្យល់ខ្មែរជូនឆ្លងដែនចូលដីថៃ ហើយមានមេខ្យល់ថៃចាំដឹកបញ្ជូនដល់កន្លែងធ្វើការ នៅប្រទេសថៃ តែត្រូវសមត្ថកិច្ចធ្វើការឃាត់ទុកអប់រំ អោយត្រឡប់ទៅស្រុកវិញ៕





















