កន្លែងទុកដាក់សំរាមថ្មី អាចផ្ទុកសំរាមរបស់ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណបានរយៈពេល15ឆ្នាំ

បន្ទាយមានជ័យ៖ កន្លែងទុកដាក់សំរាមមាន2រណ្តៅដែលផ្ទុកបាន135,474តោន សម្រាប់ប្រជាពលរដ្ឋក្រុងសិរីសោភ័ណជាង10ម៉ឺននាក់ប្រើប្រាស់បានរយៈពេល15ឆ្នាំ នៅចង្កេះភ្នំកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ក្រុងសិរីសោភ័ណមានកន្លែងទុកដាក់សំរាម និងត្រូវសម្ពោធដាក់អោយប្រើប្រាស់នាពេលខាងមុខនេះក្រោយកសាងរួចរាល់ដែលជាគម្រោងគ្រប់គ្រងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាប ជំហ៊ានពីរ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលគម្រោងត្រូវបានបញ្ចប់ឆ្នាំ2025។

លោកបានបញ្ជាក់ថា៖ កន្លែងទុកដាក់សំរាម គឺមាន2រណ្តៅក្នុងនោះរណ្តៅទី1.មានទំហំ62,242ម៉ែត្រត្រីគុណ បាតរណ្តៅមានក្រាលកៅស៊ូដែលផ្ទុកសំរាមបាន51,414តោន និងរណ្តៅទី2.មានទំហំ87,630ម៉ែត្រត្រីគុណ ដែលផ្ទុកសំរាមបាន84,060តោន ដែលមានរណ្តៅជិតគ្នាលើផ្ទៃដីសរុប11ហិកតាដែលអាចប្រើប្រាស់បាន15ឆ្នាំសម្រាប់ប្រជាពលរដ្ឋក្រុងសិរីសោភ័ណប្រមាណ108,272នាក់។
លោក ឃ្លូក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ កន្លែងទុកដាក់សំរាមក្រុងសិរីសោភ័ណត្រូវបានកសាងរួចរាល់ហើយនៅថ្ងៃទី22 ខែតុលា ឆ្នាំ2024 និងបញ្ចប់គម្រោងខែឧសភា ឆ្នាំ2025 ហើយត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ដែលមានផ្លូវបេតុង 5ខ្សែ របងបេតុងមានអគារប៉ុស្តិ៍យាម2កន្លែង អគារធ្វើការងារកំពស់2ជាន់1កន្លែង អគាររោងជាង1កន្លែង អគារផ្គត់ផ្គង់1កន្លែង1ជាន់ អគារញ៉ែកសំរាម1កន្លែង ជញ្ជីងថ្លឹងរថយន្តផ្ទុកសំរាម និងកន្លែងលាងរថយន្ត1កន្លែង ទីលានទុកដាក់សំរាម1កន្លែង៕(សៅ នៅ)





















