អភិបាលខេត្តដឹកនាំមន្ត្រី និងកងកម្លាំងដឹកទឹកចែកប្រជាពលរដ្ឋ៤ភូមិចំនួន២០០គ្រួសារនៅស្រុកមង្គលបូរី
បន្ទាយមានជ័យ៖ អភិបាលខេត្តដឹកនាំមន្ត្រី និងកងកម្លាំងដឹកទឹកចែកប្រជាពលរដ្ឋ៤ភូមិ ចំនួន២០០គ្រួសារនៅស្រុកមង្គលបូរី ដែលកំពុងខ្វះទឹកប្រើប្រាស់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា៖ ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរត្រូវបញ្ចប់រយៈពេល២ថ្ងៃក្រុមហ៊ុនទឹកស្អាត ស្រុកមង្គលបូរីបានអស់ទឹកផលិតផ្គត់ផ្គង់ប្រជាពលរដ្ឋចំនួន៣ឃុំ មានឃុំបន្ទាយនាង ឃុំឫស្សីក្រោក ឃុំតាឡំ ហើយជាការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុកមង្គលបូរី និងមន្ទីរជំនាញបានទៅសុំបើកទឹកពីស្រុកបវេល ខេត្តបាត់ដំបង។
លោកបានបញ្ជាក់ថា៖ ចំពោះមុខការដោះស្រាយជាបន្ទាន់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្តាយមានជ័យ ដឹកនាំមន្ត្រីនិងកម្លាំងយករថយន្តពន្លត់អគ្គីភ័យចំនួន៧គ្រឿងមាន៤គ្រឿងរថយន្តពន្លត់អគ្គីភ័យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង៣គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចែកទឹកជូនប្រជាពលរដ្ឋចំនួន៤ភូមិ មានភូមិលួង ភូមិនាងកេត ភូមិឫស្សីក្រោក ភូមិព្រែកល្ពៅ ដែលមានចំនួន២០០គ្រួសារដែលតម្រូវការទឹកចាំបាច់។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ការដោះស្រាយចំពោះមុខជាបន្ទាន់នេះគឺត្រូវបានយករថយន្តពន្លត់អគ្គីភ័យចំនួន៧គ្រឿង ដែលដឹកទឹកស្អាតពីក្រុងសិរីសោភ័ណ ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងតម្រូវការចាំបាច់ ហើយអាជ្ញាធរខេត្ត/ស្រុក និងមន្ទីរជំនាញកំពុងរកដំណោះស្រាយដើម្បីសុំបើកទឹកពីផ្នែកខាងលើស្រុកបវេលខេត្តបាត់ដំបងកំពុងហូរមកតែអាចរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះអាចក្រុមហ៊ុនទឹកស្អាតមង្គលបូរីបានផលិតចែកចាយប្រើប្រាស់៕





















