Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖កម្ពុជាត្រូវការបន្តទិញអគ្គិសនីពីឡាវ

កម្ពុជាត្រូវការបន្តទិញអគ្គិសនីពីឡាវសម្រាប់ប្រើប្រាស់ ក្នុង ប្រទេស និងបញ្ជូនទៅប្រទេសសិង្ហបុរី ដែលជាគំនិតផ្តួចផ្តើមថ្មី និងជាកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការតភ្ជាប់ក្នុងអាស៊ាន ។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ស៊ីន ឡៈវង់ ឃុនផៃធូន (Sinlavong Khoutphaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្ដែងការគួរសមនៅវិមាន៧មករា រាជធានីភ្នំពេញ កាលពីសុក្រ​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។

ក្នុងជំនួបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តមស៊ីន ឡៈវង់ ឃុនផៃធូន​ប្រធានរណសិរ្ស​អភិវឌ្ឍន៍ជាតិឡាវ និងសមា​ជិក​គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជា។សម្ដេចតេជោ ហ៊ុន សែន ចាត់​ទុកទស្សនកិច្ចនាពេលនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងបក្សនិងបក្ស ,រដ្ឋាភិបាលទាំ ងពីរ។ សម្តេចតេជោ បានអបអរ​សាទររដ្ឋាភិបាលឡាវ ក្នុងឋានៈជា​ប្រធានអាស៊ាន បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ កាលពី​សប្តាហ៍​កន្លងមក ទទួលបាន​ជោគជ័យ​យ៉ាងត្រចះត្រចង់ និងបានចូលរួមអបអរសាទរជាមួយនឹងសមិទ្ធផល ជោគជ័យថ្មីមួយទៀត នៃទំនាក់​ទំនងរវាងរណសិរ្យ​អភិវឌ្ឍន៍​ជាតិឡាវ និងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលទើបបានចុះហត្ថលេខា លើអនុស្សរណៈ​នៃការយោគយល់គ្នាសម្រាប់ឆ្នាំ​២០២៤-២០២៨។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ស៊ីន ឡៈវង់ ឃុនផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានកោតសរសើរ​សម្តេច​តេជោ ហ៊ុន សែន ថាជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅក្នុង ប្រទេសកម្ពុជា ប្រទេសឡាវ នៅក្នុងអាស៊ាន និងលើ​សកលលោក។ ឯកឧត្តមពិតជាសប្បាយរីករាយ ដែលទទួលបានការរៀនសូត្រពី សម្ដេច។ ឯកឧត្តម ក៏បានជម្រាបសម្តេច ពីជំនួប​ជាមួយសម្តេច ម៉ែន សំអន ដោយបានរំលឹកពីវីរភាព និងបទពិសោធន៍ដឹកនាំរណសិរ្ស និងការកសាងប្រទេសកម្ពុជា​ដ៏អស្ចារ្យរបស់​សម្តេចតេជោ ដែល អាចបង្រួបបង្រួមជាតិ ប្រែក្លាយប្រទេសដែលមានភាគីច្រើន មកជា ប្រទេសដែលមានរដ្ឋាភិបាលដឹកនាំតែមួយ កម្លាំង​ប្រដាប់អាវុធតែមួយ និងមានឯកភាពជាតិទាំងមូល ។

ឆ្លើយតបចំពោះភ្ញៀវ​សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធាន​រដ្ឋឡាវ ដែលជាមិត្តភក្តិ​របស់សម្តេច។ សម្តេចតេជោ ក៏បានផ្តាំផ្ញើការសួរសុខ ទុក្ខ និងសេចក្តីនឹករលឹក តាមរយៈឯកឧត្តម​ប្រធាន​រណសិរ្សអភិវឌ្ឍន៍ ជាតិឡាវ ជូនឯកឧត្តម ថង លូនស៊ីសុលីត ប្រធានរដ្ឋឡាវ ផងដែរ។ សម្តេចតេជោបង្ហាញក្ដីរីករាយចំពោះ​ភាព​រីកចម្រើននៃទំនាក់ទំនងទ្វេ ភាគី​រវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៦៨ឆ្នាំមកហើយ និងប្ដេជ្ញាបន្តពូនជ្រុំបន្តទំនាក់ទំនងមិត្ត​ភាព​ល្អ រឹងមាំ និងផ្តល់ផល​ប្រយោជន៍​​ឱ្យគ្នាទៅវិញទៅមកមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃ ប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានសំដែងការរីករាយចំពោះទំនាក់ទំន ងមិត្តភាព សាមគ្គីភាពកម្ពុជា-ឡាវ បានឈានរហូតដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” និងស្តែង ឡើងច្រើនរូបភាពទាំងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល, សភា​និងសភា, ប្រជាជននិងប្រជាជន, បក្សនិងបក្ស ព្រមទាំងរវាងរណសិរ្សនិងរណ សិរ្ស ហើយនិងបានជំរុញដល់ការរីក​ចម្រើនលើវិស័យ​ផ្សេងៗទៀត ទាំងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន ការផ្លាស់ប្តូរប្រជាជននិងប្រជា ជន និងកំណើននៃ​ទំហំពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនៅក្នុងអាស៊ាន៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.