
បន្ទាយមានជ័យ៖ ខឹងប្រចណ្ឌរឿង អ្នកឌុបស្រីស្នេហ៍ តែយកកាំបិតទៅកាប់ម្នាក់ផ្សេងទៀត ព្រោះខឹងរឿងកាងជំនួស ដែលជនសង្ស័យត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកថ្មពួក ចាប់បញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមច្បាប់នៅថ្ងៃទី11 ខែធ្នូ ឆ្នាំ2024។
លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ រិន សៃយន្ត ភេទប្រុសអាយុ16ឆ្នាំរស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក។
លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ពុន សាវ័ន ភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក បានប្តឹងឈ្មោះ រិន សៃយន្ត និងបក្ខពួកម្នាក់ទៀតឈ្មោះ ភួង ជីវ័ន្ត បានធ្វើសកម្មភាពកាប់ទៅលើខ្លួនបណ្តាលរបួសធ្ងន់ចំនួន3កន្លែង ដែលរបួសកំភួនជើងដាច់សសៃឈាមមួយកំបិត របួសខ្នងមួយកំបិត និងរបួសក្បាលផ្នែកខាងក្រោយមួយកំបិត ត្រូវបានសង្គ្រោះទាន់កាន់មន្ទីរពេទ្យបង្អែកស្រុកថ្មពួកកាលពីថ្ងៃទី04 ខែធ្នូ ឆ្នាំ2024នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក។
លោកវរសេនីយ៍ត្រី អ៊ុក សូរផុន បានបញ្ជាក់ថា៖ ក្រោយពេលស្រាវជ្រាវ នៅថ្ងៃទី09 ខែធ្នូ ឆ្នាំ2024 កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម2នាក់ មានទាំងវត្ថុតាង កាំបិតសាំម៉ូរ៉ៃចុងស្រួច2ដើម និងខ្វែវ1ដើម នាំយកសាកសួរនាំ តាមចម្លើយសារភាពថា៖ មូលហេតុកាប់ទៅលើជនរងគ្រោះព្រោះខឹងរឿងប្រចណ្ឌដែលឌុបស្រីស្នេហ៍របស់ខ្លួន តែមិនបានកាប់អ្នកដែលឌុបស្រីស្នេហ៍របស់ខ្លួនទេ កាប់ទៅលើម្នាក់ទៀត ដែលពូកែឌឺហើយចេញមុខកាង របួស3កន្លែង ក្នុងចំណោមបក្ខពួកធ្វើសកម្មភាព2នាក់ ម្នាក់កំពុងគេចខ្លួន៕





















